កម្ពុជាស្នើក្នុងមហាសន្និបាតUNឱ្យជួយជំរុញដំណោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធី

តំណាងកម្ពុជាបានស្នើសុំបណ្ដាមេដឹកនាំពិភពលោកបន្តជួយជំរុញការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្ដិវិធី ស្របពេលកងទ័ពថៃបានធ្វើសកម្មភាពបង្កហេតុរំលោភបទឈប់បាញ់ម្ដងហើយម្ដងទៀត ប៉ះពាល់ដល់ដែនអធិបតេយ្យភាពកម្ពុជា និងសិទ្ធិពលរដ្ឋខ្មែរនៅតាមព្រំដែន។ អ្នកឃ្លាំមើលបានលើកឡើងថា កម្ពុជាគួរតែបោះដៃទៅសហរដ្ឋអាមេរិក ដើម្បីឱ្យជួយជំរុញការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៨០ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី២៧ ខែកញ្ញា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​លើកឡើង​ថា សន្ដិភាព​របស់​កម្ពុជា​កំពុង​រង​ការ​គំរាមកំហែង​ជា​ថ្មី ដោយសារ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ហើយ​បទ​ឈប់​បាញ់​ដែល​កើតឡើង​តាមរយៈ​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) កំពុង​ស្ថិត​ក្នុង​ភាព​ផុយស្រួយ ដោយសារ​តែ​ថៃ​អនុវត្ត​តែ​មាត់ ប៉ុន្តែ​គ្មាន​សកម្មភាព​ជាក់ស្ដែង។

លោក ប្រាក់ សុខុន បាន​បន្ត​ថា ជា​រឿង​សោកស្ដាយ​ដែល​ថៃ​ប្រើ​ផែនទី​ឯកតោ​ភាគី​ជំនួស​ឱ្យ​ផែនទី​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ធ្វើ​សកម្មភាព​រាប់​មិន​អស់​បំផ្លាញ​ដល់​ការ​កសាង​ទំនុក​ចិត្ត​និង​សន្ដិភាព​រវាង​ប្រទេស​ទាំង​ពីរ ហើយ​រឿង​គួរ​ព្រួយបារម្ភ​បំផុត​សម្រាប់​កម្ពុជា គឺ​ថៃ​គំរាម​ប្រើ​ច្បាប់​អាជ្ញាសឹក ដើម្បី​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​រាប់រយ​គ្រួសារ​បន្ថែម​ទៀត​ពី​ភូមិដ្ឋាន​ដែល​អាស្រ័យផល​រាប់ទសវត្ស​មក​ហើយ។ លោក​ក៏​បាន​បញ្ជាក់​ពី​សកម្មភាព​ក្រុម​កងកម្លាំង​ថៃ បាន​ចូល​កាន់កាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ រំលោភ​លើ​ដែន​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​កម្ពុជា រួម​ទាំង​បំពាន​លើ​សិទ្ធិ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​កម្ពុជា។

លោក ប្រាក់ សុខុន បាន​ប្រាប់​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​ចង់​ឱ្យ​មាន​កិច្ច​សន្ទនា​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្ដិវិធី គោរព​ពេញលេញ​តាម​បទ​ឈប់​បាញ់ កិច្ចព្រមព្រៀង​ទ្វេភាគី ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​និង​អាស៊ាន ហើយ​កម្ពុជា​នៅ​តែ​បន្ត​គាំទ្រ​ការ​សម្របសម្រួល​ពី​អាស៊ាន និង​មេដឹកនាំ​ជុំវិញ​ពិភពលោក ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​ថៃ ក្នុង​ការ​បញ្ចៀស​ការ​ប្រយុទ្ធ​គ្នា​ជាថ្មី ដែល​នាំ​ឱ្យ​មាន​សោកនាដកម្ម​ទាំង​សងខាង។

ប៉ុន្តែរ​ដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ឆ្លើយ​ប្រាប់​ទៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ច្រានចោល​ការ​លើក​ឡើង​ពី​ភាគី​កម្ពុជា និង​បាន​អះអាង​ថា ថៃ​គឺ​ជា​ជនរង​គ្រោះ​ពិត​ប្រាកដ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​បញ្ហា​សង្គម​និង​នយោបាយ​លោក ប៉ោ មករា បាន​មើលឃើញ​ថា នយោបាយ​ការទូត​របស់​កម្ពុជា​ហាក់​បន្ត​មាន​ប្រៀប​លើ​ថៃ​លើ​ឆាក​អន្តរជាតិ​ជុំវិញ​ជម្លោះ​ព្រំដែន ប៉ុន្តែ​លោក​បាន​យល់ឃើញ​ថា ដើម្បី​ឱ្យ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក​អាច​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​បាន គឺ​ត្រូវ​ពឹង​លើ​កម្ពុជា​ដែល​ត្រូវ​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក។ លោក​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​តែង​ចង់​ឱ្យ​កម្ពុជា​បើក​ចំហ​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

អ្វី​ដែល​ខ្ញុំ​សង្កេតឃើញ​ជារួម ហាក់​បី​ដូច​ជា​មាន​ការ​លូក​ដៃ​ពី​សហរដ្ឋអាមេរិក ដូចជា​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​តែ​ចាប់​អារម្មណ៍ កំពុង​តែ​តាមដាន​រឿង​នេះ ដូច្នេះ​អ្វី​ដែល​កម្ពុជា​គួរ​តែ​គិតគូរ និង​ធ្វើ​ជាមួយ​សហរដ្ឋអាមេរិក គួរ​តែ​បោះ​ដៃ​ទៅ​សហរដ្ឋអាមេរិក ឬ​ចាប់​យក​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​។

—  លោក ប៉ោ មករា

នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លោក ប្រាក់ សុខុន ក៏​បាន​លើកឡើង​ពី​ព្រឹត្តិការណ៍​ថ្ងៃ​ទី២៧ ខែកញ្ញា ដែល​ទាហាន​ថៃ​រំលោភ​បទ​ឈប់​បាញ់ ដោយ​ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ដៃ​និង​កាំភ្លើង​ត្បាល់​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កងទ័ព​កម្ពុជា​នៅ​តំបន់អានសេះ ក្នុង​ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយ​បាន​ផ្អាក​ទៅ​វិញ ក្រោយពី​កងទ័ព​កម្ពុជា​អត់ធ្មត់​មិន​បាន​បាញ់​តបត។

ក្រោយ​មាន​ករណី​នេះក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​បណ្ដោះអាសន្ន​ដឹកនាំ​ដោយ​ម៉ាឡេស៊ី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ទីតាំង​រង​ផល​ប៉ះពាល់​ពី​ការ​បាញ់​ប្រហារ​ដោយ​កងទ័ព​ថៃ​ខណៈ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ផ្លូវការ​ឱ្យ​បាន​ឆាប់ដើម្បី​ឱ្យ​ភាគី​ថៃ​គោរព​តាម​បទ​ឈប់​បាញ់​ពិត​ប្រាដក​និង​ស្មោះត្រង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។